យោងតាមអ្នកកាសែត Florian Plettenberg បានរាយការណ៍មកថា ខ្សែប្រយុទ្ធរបស់ក្រុម RB Leipzig Timo Werner ស្ថិតនៅក្នុងបញ្ជីគោលដៅរបស់គ្រូបង្វឹកលោក Erik ten Hag សម្រាប់ការពង្រឹងតំបន់ប្រយុទ្ធរបស់ក្រុម Manchester United បន្ថែមទៀត នៅទីផ្សារខាងមុខ។
ជាក់ស្តែងក្លិប Man Utd កំពុងរៀបចំផែនការរួចរាល់ហើយ ក្នុងការបន្ថែមជម្រើសថ្មីៗ នៅក្នុងខែមករាខាងមុខនេះ ជាពិសេសនៅចំពេលដែលតំបន់ប្រយុទ្ធរបស់ក្រុមបច្ចុប្បន្នហាក់មិនសូវមានប្រសិទ្ធិភាពក្នុងការរកគ្រាប់បាល់នោះឡើយ។
ហើយយ៉ាងណាមិញ បើតាមអ្នកកាសែតលោក Florian បានអះអាងថា ឥឡូវនេះ ក្រុម United កំពុងសម្លឹងជម្រើសថ្មី ដោយទាំងគ្រូបង្វឹក Erik ten Hag និងថ្នាក់ដឹកនាំរបស់ក្លិប មើលឃើញកីឡាករ Werner របស់ក្រុម RB Leipzig ជាគោលដៅអាចទៅរួចមួយរបស់ខ្លួន។
គួរឱ្យដឹងថាកីឡាករវ័យ ២៧ ឆ្នាំរូបនេះ ហាក់មិនសប្បាយចិត្តនឹងស្ថានភាពបច្ចុប្បន្នរបស់ខ្លួននៅឯក្លិបអាល្លឺម៉ង់នោះឡើយ ដូច្នេះវាមានន័យថានឹងអាស្រ័យលើក្រុម Man United ប៉ុណ្ណោះក្នុងការព្យាយាមបញ្ចុះបញ្ចូលគេឱ្យចាកចេញ នៅខែមករាខាងមុខ៕