ខ្សែបម្រើ Toni Kroos របស់ក្លិបស្តេចស Real Madrid នៅតែជាជម្រើសមួយ សម្រាប់ក្រុមជម្រើសជាតិអាល្លឺម៉ង់ បន្ទាប់ពីអ្នកចាត់ការលោក Julian Nagelsmann បានបង្ហាញថា ទ្វារនៅតែបើកចំហសម្រាប់កីឡាកររូបនេះជានិច្ច។
ជាកាពិតណាស់ Kroos មិនបានលេងឱ្យក្រុមអាឡឺម៉ង់ ក្នុងរយៈពេលជាង ២ ឆ្នាំកន្លងមកហើយ ចាប់តាំងពីគាត់បានសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ក្រោយការប្រកួតពានរង្វាន់ EURO ២០២១ ដ៏គួរឲ្យខកចិត្តបំផុតមួយ។
ប៉ុន្តែបើទោះបីជាមិនបានចូលលេងឲ្យក្រុមជម្រើសជាតិក៏ដោយ តែកីឡាករវ័យ ៣៣ ឆ្នាំរូបនេះ នៅតែបន្តបង្ហាញសមត្ថភាពក្នុងកម្រិតខ្ពស់បំផុតមួយ សម្រាប់ក្រុម Real Madrid ដែលនាំឱ្យមានការនិយាយអំពីការវិលត្រឡប់របស់គេ ចូលទៅកាន់ក្រុមជម្រើសជាតិសារជាថ្មី។
ហើយយ៉ាងណាមិញ ជាមួយនឹងប្រទេសអាឡឺម៉ង់ ត្រូវនឹងធ្វើជាម្ចាស់ផ្ទះ EURO ២០២៤ នៅរដូវក្តៅឆ្នាំក្រោយ លោក Nagelsmann បានបង្ហើបថា លោកនឹងចាប់អារម្មណ៍ក្នុងការបើកផ្លូវឲ្យ Kroos វិលត្រលប់មកវិញ ។
ជម្រាបជូនផងដែរថា Kroos លេងឱ្យក្រុមជម្រើសជាតិអាឡឺម៉ង់ចន្លោះឆ្នាំ ២០១០ ដល់ ២០២១ ដោយរូបគេក៏ធ្លាប់បានដើរតួយ៉ាងសំខាន់ក្នុងក្រុម ដែលធ្លាប់បានឈ្នះពានរង្វាន់ World Cup ឆ្នាំ ២០១៤ ក្រោមការដឹកនាំរបស់លោក Joachim Low ផងដែរ៕