អ្នកចាំទី បែលហ្ស៊ិក Thibaut Courtois បាននិយាយថា រូបគេនឹងមិនទៅចូលរួមការប្រកួតជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 នោះឡើយ ដោយសាររូបគេត្រូវការពេលវេលាដើម្បីព្យាបាលរបួសជង្គង់ឱ្យបានជាសះស្បើយ។ នេះបើតាមការប្រកាសឱ្យដឹងពីសាមីកីឡាករ។
Thibaut Courtois ត្រូវបានអវត្តមានអស់រយៈពេលជាច្រើនខែមកហើយ ពោលគឺចាប់តាំងពីខែតុលា បន្ទាប់ពីរូបគេ ត្រូវការវះកាត់របួសរហែកសរសៃពួរជង្គង់ខាងឆ្វេង ដែលបានកើតឡើងអំឡុងពេលរូបគេហ្វឹកហាត់។
ជុំវិញរឿងនេះ កីឡាកររបស់ក្លិប Real Madrid បាននិយាយថា៖ “ខ្ញុំត្រូវការជាសះស្បើយពេញលេញ ដូច្នេះវាជាការប្រសើរ ក្នុងការផ្តល់ភាពច្បាស់លាស់ពីវត្តមានរបស់ខ្ញុំនាពេលឥឡូវនេះ។ ប្រសិនបើខ្ញុំមានសំណាង ខ្ញុំប្រហែលជាអាចលេងការប្រកួតនៅខែឧសភា ប៉ុន្តែខ្ញុំនឹងមិនត្រៀមខ្លួនសម្រាប់ការប្រកួតនោះទេ។ ខ្ញុំមិនអាចស្ថិតនៅក្នុងស្ថានភាពធូរស្រាល ៨០ ឬ ៨៥ភាគរយនោះទេ ដូច្នេះខ្ញុំគួរតែដកខ្លួនចេញ ដើម្បីផ្តល់ឱកាសដល់កីឡាករផ្សេងទៀត។”
ទន្ទឹមនឹងនេះដែរ កីឡាករ វ័យ ៣១ ឆ្នាំ បានអះអាងថា ការសម្រេចចិត្តរបស់គេ ក្នុងការមិនទៅចូលរួមលេង UEFA Euro 2024 មិនមែនមានន័យថា រូបគេត្រូវលាលែងចេញពីក្រុមជម្រើសជាតិបែលហ្ស៊ីកនោះទេ បើទោះបីជារូបគេបានដើរចេញពីក្រុមកាលពីខែមិថុនា បន្ទាប់ពីមានជម្លោះជាមួយគ្រូបង្វឹកលោក Domenico Tedesco ក៏ដោយ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ UEFA Euro 2024 នឹងចាប់ផ្តើមដំណើរការ ចាប់ពីថ្ងៃទី ១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ខាងមុខ ហើយប្រទេសអាល្លឺម៉ង់ គឺជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះ៕