កីឡាករ Manchester City ៣ រូប ទោះបង្ហាញវត្តមាននៅទីលានប្រកួត ក៏បានត្រឹមជាអ្នកទស្សនា ពោលមិនអាចឈរឈ្មោះជាកីឡាករតំណាងឲ្យក្លឹបសំពៅមាសនៅវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup ទល់ក្លឹប Fluminense នាចុងសប្តាហ៍ខាងមុខឡើយ ក្រោមហេតុផលពាក់ព័ន្ធនឹងច្បាប់កំណត់របស់ FIFA។
ជាការពិតបន្ទាប់យកឈ្នះ Urawa Red Diamonds ៣-០ កាលពីវគ្គ ៤ ក្រុមចុងក្រោយ ក៏ក្លឹបលោក Pep Guardiola ទទួលបន្ទុកធំ មកជួបក្លឹបប្រេស៊ីលនៅវគ្គចុងក្រោយ ហើយតាមច្បាប់របស់ FIFA ឈ្មោះកីឡាករដែលបញ្ជូនមកទាំងអំបាលម៉ាននៅវគ្គមុន គឺត្រូវបន្តនៅវគ្គបន្ទាប់ ឥតអាចកែប្រែបាន។
ហេតុផលនេះ ទើប Kevin de Bruyne, Erling Haaland និង Jeremy Doku ទោះពួកគេត្រៀមលក្ខណៈរួចរាល់ ក៏មិនអាចចូលរួមប្រកួតខាងមុខបានដែរ។ ដូច្នេះកីឡាករទាំង ២៣ រូបនៅវគ្គ ៤ ក្រុម ត្រូវបន្តមកវគ្គផ្តាច់ព្រ័ត្រ ហើយឈ្មោះអ្នកទាំងបីដូចរៀបរាប់ គឺមិនបានទាំងអង្គុយបម្រុង ពោលគឺត្រឹមអ្នកទស្សនាដូចអ្នកគាំទ្រខាងក្រៅប៉ុណ្ណោះ។
រំឭកថា នេះជាការអវត្តមានធំមួយដែរ នាំឲ្យស្ទើរកម្លាំងនៅតំបន់បម្រើ និងប្រយុទ្ធជាពិសេស ខណៈមួយរយៈក្រោយនៅលីគក៏ City ធ្វើមិនសូវបានល្អ។ ប្រវត្តិជួប Fluminense គឺ ០ លើក ហើយនេះជាការភ្លក់បទពិសោធន៍ថ្មីសន្លាងនៅ CWC ដូចគ្នា អ៊ីចឹងយើងនឹងរង់ចាំមើលទាំងអស់គ្នា៕