ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្រុម Real Sociedad កីឡាករ Takefusa Kubo មកជំនួសតំណែងរបស់ Antony ក្នុងខែមករាខាងមុខ។
ជាការពិតណាស់ រហូតមកដល់ពេលនេះ Antony ហាក់មិនទាន់បានបង្ហាញពីភាពលេចធ្លោណាមួយនៅឡើយនោះទេ ចាប់តាំងពីបានផ្ទេរមកដល់ទឹកដី Old Trafford ពីក្រុម Ajax ក្នុងតម្លៃខ្លួនប្រមាណ ១០០លានអឺរ៉ូ។
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ នៅមិនទាន់មានគ្រាប់បាល់ស៊ុតបញ្ចូលទី ឬ assists នៅឡើយនោះទេ ក្នុងការបង្ហាញខ្លួន ១៣ ប្រកួត នៅ Premier League សម្រាប់បិសាចក្រហមនៅរដូវកាលនេះ ។
ហើយឥឡូវនេះ បើយោងតាមកាសែត The Mirror របស់អង់គ្លេស បានបង្ហាញថាអ្នកចាត់ការក្រុម លោក Erik ten Hag កំពុងសម្លឹងរកអ្នកមកជំនួសតំណែងនេះវិញ ហើយ Kubo ត្រូវបានចាត់ទុកថាជាគោលដៅដ៏ធំមួយ។
កីឡាករសញ្ជាតិជប៉ុនរូបនេះ បច្ចុប្បន្នកំពុងក្លាយជាកីឡាករដ៏លេចធ្លោម្នាក់ នៅក្នុងក្របខ័ណ្ឌ La Liga ចាប់តាំងពីគេបានផ្ទេរទៅចូលរួមជាមួយ Real Sociedad ក្នុងលក្ខខណ្ឌខ្ចីជើងនៅដំណាក់កាលដំបូង មុនពេលសម្រេចចុះហត្ថលេខាជាអចិន្ត្រៃយ៍ក្នុងឆ្នាំ ២០២២៕