មកទល់សព្វថ្ងៃមិនទាន់មានអ្នកប្រើប្រាស់អាវលេខ ១០ នោះទេនៅអ្នកមានបុណ្យ Barcelona ហើយឥឡូវក្លឹបក៏ស្រាប់សម្លឹងឃើញគោលដៅវ័យក្មេង ប្រុងនឹងនាំយកមកចូលរួម ជាមួយការសន្យាផ្តល់ជូនលេខអាវពិសេសនោះ គឺសម្រាប់ Mason Greenwood សមាជិកឈរជើងនៅក្លឹប Getafe សព្វថ្ងៃ។
បើតាមសារព័ត៌មានចេញពីប្រទេសអង់គ្លេសរាយការណ៍មកថា កីឡាករវ័យ ២២ ឆ្នាំ ដែលកំពុងលេងឲ្យក្លឹបអេស្ប៉ាញ ក្រោមលក្ខខណ្ឌខ្ចីជើងចេញពី Man United មួយរយៈក្រោយ មានក្លឹបធំតូចចង់បានហូហែរ បន្ទាប់ការឡើងទម្រង់ល្អប្រសើរឡើងវិញលើទីលានប្រកួត នៅរដូវកាលថ្មីនេះ។
ក្នុងចំណោមនោះ គេរកបាន ៥ គ្រាប់និង Assist ៤ លើកផងដែរនៅ ១៥ ប្រកួតសរុប។ ជាលទ្ធផលមានក្លឹបធំៗតាំងពី Bayern Munich ក្លឹបធំតូចនៅអង់គ្លេស អេស្ប៉ាញ ឥឡូវឃើញភាពភ្ញាក់ផ្អើលចេញពីសំណើក្លឹបម្ចាស់ដី Camp Nou។
ត្រង់ក្លឹបនៅតំបន់កាតាឡូញ៉ា ហ៊ានផ្តល់ឲ្យតម្លៃខ្លួន Greenwood ដល់ ៤០ លានអឺរ៉ូ ជាតួលេខខ្ពស់ជាងគេបង្អស់ហើយ ធៀបនឹងហាងឆេងកំពុងមានសព្វថ្ងៃត្រឹមល្បាក់ ២៥ លានប៉ុណ្ណោះ។ អ្វីដែលពិសេសគឺការផ្តល់ជូនលេខអាវទំនេរ លេខ ១០ ដែលមិនទាន់មានអ្នកស្នង។ ឥឡូវយើងរង់ចាំមើល តើក្លឹបអាណាព្យាបាលម្ចាស់ដី Old Trafford នឹងគិតគូរបែបណាដែរ លើសំណើនេះ?