Barcelona ប្រឈមនឹងឧបសគ្គក្នុងការចុះឈ្មោះខ្សែប្រយុទ្ធចំណូលថ្មី Victor Roque។ កីឡាកររូបនេះ ត្រូវបានរំពឹងថា នឹងទទួលបានការកោះហៅចូលក្រុម Barcelona សម្រាប់ការប្រកួតទល់ Las Palmas នាថ្ងៃព្រហស្បតិ៍ ប៉ុន្ដែអ្នកតំណាងរបស់គេ បានពន្យាពេលរហូតដល់សប្ដាហ៍ក្រោយ។
ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំ Roque បានផ្ទេរមកកាន់ទឹកដី Camp Nou ពីក្លឹបប្រេស៊ីល Paranaense ក្នុងតម្លៃ៣០លានអឺរ៉ូ បូករួមនឹងលក្ខខណ្ឌផ្សេងៗ៣១លានអឺរ៉ូបន្ថែមទៀត។
យោងតាមប្រភពពី Jijantes, Barcelona បានប្រឈមនឹងបញ្ហាក្នុងការចុះឈ្មោះ Roque។ តាមពិតទៅ Roque ត្រូវបាននាំចូលក្រុម Barcelona ជំនួសកន្លែងរបស់ Gavi ដោយក្លឹបអាចប្រើប្រាស់ប្រាក់ឈ្នះ៨០ភាគរយរបស់គេ ដើម្បីនាំយកអ្នកមកជំនួស តាមរយៈការខ្ចីជើង ឬដោយមិនមានតម្លៃផ្ទេរ។
ប៉ុន្ដែបើគិតតម្លៃផ្ទេររបស់ Roque ទូទាត់ជាមួយនឹងទឹកប្រាក់ដែលទំនេរដើម្បីរកអ្នកជំនួស Gavi មិនគ្រប់គ្រាន់តាមលក្ខខណ្ឌទាមទាររបស់ La Liga នោះទេ ហើយ Barcelona ត្រូវការពិភាក្សាជាមួយ La Liga ដើម្បីស្វែងរកដំណោះស្រាយ។
នេះមិនមែនជាលើកទី១ទេដែល Barca មានភាពយឺតយ៉ាវក្នុងការចុះឈ្មោះកីឡាករ ដោយសារមិនគ្រប់លក្ខខណ្ឌហិរញ្ញវត្ថុដែលបានកំណត់របស់ La Liga តួយ៉ាង Judes Kounde បានខកខានពីរប្រកួតក្នុងរដូវកាលមុន ដោយសារតែមានភាពយឺតយ៉ាវក្នុងការចុះឈ្មោះ៕