Girona បានបង្ហាញភាពលេចធ្លោនារដូវកាលនេះ ដោយពួកគេកំពុងឈរនៅជិតកំពូលតារាង មានពិន្ទុស្មើជាមួយនឹងក្រុមលេខ១ Real Madrid។ លទ្ធផលដ៏ល្អនៅពាក់កណ្ដាលដំបូងនៃរដូវកាលនេះ របស់ Girona ក៏អាស្រ័យទៅលើការរួមចំណែករបស់ខ្សែប្រយុទ្ធ Artem Dovbyk ផងដែរ។
ខ្សែប្រយុទ្ធអ៊ុយក្រែនរូបនេះ រកគ្រាប់បាល់១១គ្រាប់ និង assist ៥លើក ក្នុងការបង្ហាញខ្លួន១៧ប្រកួតសម្រាប់ Girona នារដូវកាលនេះ ហើយយោងតាមប្រភពពី The Mirror បានរាយការណ៍ថា ក្លឹប Chelsea កំពុងតែងតាមដានរូបគេ ហើយព្យាយាមចុះហត្ថលេខានាទីផ្សារខែមករានេះ។
Dovbyk ជាកីឡាករដ៏ល្អបំផុតមួយរូបនៅ La Liga រដូវកាលនេះ ដោយរូបគេអាចសម្របនឹងការលេងបានយ៉ាងល្អជាមួយមិត្តរួមក្រុម និងជាអ្នកបញ្ចប់ទីយ៉ាងល្អផងដែរ។
Chelsea អាចនឹងចំណាយនៅពាក់កណ្ដាលរដូវកាលនេះ សម្រាប់ Dovbyk ដើម្បីបន្ថែមជម្រើសនៅតំបន់ប្រយុទ្ធ ពីក្លឹបនៅ La Liga ដូចដែលពួកគេធ្លាប់ធ្វើម្ដងរួចមកហើយ ចំពោះការនាំយក Nicolas Jackson ពីក្លឹប Villarreal៕