ក្លិបបិសាចក្រហម Manchester United ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងស្វែងរកលទ្ធភាពក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្រុម Al-Ittihad កីឡាករ Karim Benzema ក្នុងលក្ខខណ្ឌខ្ចីជើង សម្រាប់រដូវកាលដែលនៅសេសសល់។
ជាក់ស្តែងកីឡាករវ័យ ៣៦ ឆ្នាំ រូបនេះបានចាកចេញពីក្លិប Real Madrid ជាមួយនឹងការផ្ទេរដោយគ្មានតម្លៃខ្លួនកាលរដូវក្តៅមុន ដើម្បីផ្លាស់ទៅលីគ Saudi Pro League និងបានចូលលេងតំណាងឲ្យ Al-Ittihad ចំនួន ២០ ប្រកួតរួចមកហើយ ដោយរកបាន ១២ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៥លើកផងដែរ។
ហើយឥឡូវនេះ បើយោងតាមអ្នកសារព័ត៌មាន Javier Parra Pena បានបង្ហាញឲ្យដឹងថាក្លិប Man United កំពុងតាមដានយ៉ាងជិតស្និតជុំវិញស្ថានភាពរបស់ Benzema ដោយពួកគេនឹងសិក្សាពីលទ្ធភាពក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិបារាំងរូបនេះក្នុងលក្ខខ័ណ្ឌខ្ចីជើងសម្រាប់រដូវកាលដែលនៅសេសសល់។
ជុំវិញទំនាក់ទំនងនេះ អតីតខ្សែប្រយុទ្ធក្រុម Manchester United លោក Louis Saha ថ្មីៗនេះ ក៏បានណែនាំឲ្យក្លិបចាស់របស់ខ្លួន ព្យាយាមនាំយក Benzema មកកាន់ទឹកដីអឺរ៉ុបផងដែរ ដោយជឿជាក់ថាគេនឹងក្លាយជាផ្នែកដ៏សំខាន់ ក្នុងការជួយក្រុមផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន។
លើសពីនេះ Saha បានប្រាប់ Betting Odds ថា ៖ “គាត់ [Benzema] នឹងអង្រួនតំបន់ប្រយុទ្ធជួរមុខរបស់ United ហើយនោះជាអ្វីដែលពួកគេត្រូវការ។ គាត់ពិតជានឹងរកគ្រាប់បាល់បាន ហើយក៏នឹងជួយដល់ការលេងរបស់ក្រុមទាំងមូលបានផងដែរ“៕