អ្នកចាត់ការបច្ចុប្បន្នរបស់ក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta ត្រូវបានគេរាយការណ៍មកថា កំពុងស្ថិតនៅក្នុងបញ្ជីបេក្ខភាពកំពូលទាំងបីរូបរបស់ក្លិប Barcelona ដើម្បីមកជំនួសតំណែងរបស់លោក Xavi នៅរដូវកាលក្រោយ។
ជាក់ស្តែងលោក Xavi បានធ្វើការប្រកាសជាផ្លូវការរួចរាល់ហើយថាលោកនឹងដើរចេញពីក្លិបយក្សអេស្ប៉ាញ នៅចុងបញ្ចប់រដូវកាលនេះ ពោលគឺក្រោយពេលលោកបានដឹកនាំក្រុមចាញ់ ដោយលទ្ធផល ៥–៣ ក្រោមថ្វីជើងរបស់ Villarreal ។
យោងតាមអ្នកសារព័ត៌មានអេស្ប៉ាញ Gerard Romero បានអះអាងថា គ្រូបង្វឹករបស់ក្រុម Arsenal លោក Arteta គឺជាឈ្មោះសំខាន់មួយក្នុងចំណោមឈ្មោះដែល Barcelona បានជ្រើសរើសសម្រាប់ធ្វើជាអ្នកចាត់ការថ្មីរបស់ខ្លួន នៅរដូវកាលក្រោយ។
ប្រភពដដែលនេះ ក៏បានអះអាងទៀតថា លោក Deco នាយកផ្នែកកីឡារបស់ Barca ក៏កំពុងស្ថិតក្នុងដំណើរការពិភាក្សាជាមួយភ្នាក់ងាររបស់បេក្ខភាពអ្នកចាត់ការក្រុមនាពេលអនាគតរួចរាល់ហើយផងដែរ ។
ទន្ទឹមនឹងនេះ លោក Jurgen Klopp របស់ Liverpool ក៏ស្ថិតក្នុងបញ្ជីនេះផងដែរ ដោយបុរសសញ្ជាតិអាល្លឺម៉ង់រូបនេះ ក៏បានធ្វើការបញ្ជាក់រួចរាល់ហើយផងដែរថា លោកនឹងចាកចេញពីកីឡដ្ឋាន Anfield ក្រោយបញ្ចប់រដូវកាលនេះ ។
ហើយមិនតែប៉ុណ្ណោះ សម្រាប់ឈ្មោះមួយផ្សេងទៀតដែលស្ថិតនៅក្នុងបញ្ជីសម្រិតសម្រាំងរបស់ Barca ត្រូវបានគេនិយាយថា គឺជាលោក Julian Nagelsmann ដែលបច្ចុប្បន្នកំពុងរៀបចំដឹកនាំក្រុមជម្រើសជាតិអាឡឺម៉ង់ សម្រាប់ការប្រកួតពានរង្វាន់ Euro នៅចុងឆ្នាំនេះ៕