ដ្បិតបើមានដំណឹងថាកីឡាករអាល្លឺម៉ង់ហាក់ត្រៀមលក្ខណៈក្នុងការប្រកាសចូលនិវត្តនាបញ្ចប់រដូវកាលខាងមុខ តែឥឡូវល្ហិចល្ហៀងពីភាគីក្លឹបមេ Real Madrid កំពុងព្យាយាមអូសទាញចិត្តឲ្យ Toni Kroos តកុងត្រាថ្មីពីលើសុពលភាពសេសសល់មួយឆ្នាំទៀត ពោលដល់ចុងខែមិថុនា ឆ្នាំ ២០២៥។
នេះបុរសវ័យ ៣៤ ឆ្នាំ គេនៅតែបន្តរាប់ជាចំណែកឥតខ្វះបាន ជាមួយ Fede Valverde នៅតំបន់ស្នូល ហើយបើទោះបីជួបរបួសបន្តិចបន្តួចក៏គេនៅអាចរក្សាទម្រង់លេងដ៏ល្អដូចដើម។ បើតាមរបាយការណ៍ពី Cadena SER ចុះផ្សាយ Kroos កំពុងស្ថិតក្នុងការសម្រេចចិត្ត តែជឿលើចម្លើយវិជ្ជមានច្រើនជាងការចាកចេញ។
ស្របពេលដែលដៃគូរបស់គេ គឺ Luka Modric មិនសូវមានពេលវេលាសកម្មលើទីលាន រីឯកត្តាអាយុក៏ហៀរដល់វ័យ ៣៨ ឆ្នាំ ដូច្នេះមិនធានាអាចទទួលបានកុងត្រាថ្មី ដូចជាមិត្តរួមក្រុមកាន់ឆ្នាំខាងលើឡើយ។ ពោលបុរសសញ្ជាតិក្រូអាត អាចជាអ្នកបន្ទាប់ពី Casemiro ដែលដកខ្លួនពីអធិរាជសពេលខាងមុខ។
រំឭកឲ្យដឹង ក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Carlo Ancelotti សម្រាប់ Kroos សរុបការបង្ហាញខ្លួន ២៩ ប្រកួត ក៏រកបាន ១ គ្រាប់និង Assist ៧ លើក នៅចំនួននាទីឈរជើងសរុប ១ ៨៨៤ នាទី។ ប្រកួតបន្ទាប់របស់ស្តេចស គឺកំណត់ប៉ះម្ចាស់ផ្ទះ Getafe វេលាម៉ោង ០៣:០០ នាទីទៀបភ្លឺ ឈានចូលថ្ងៃសុក្រទី ០២ កុម្ភៈ ៕