Angel di Maria បានអះអាងថា ប្រសិនបើក្រុមជម្រើសជាតិអាហ្សង់ទីន ទទួលបានកៅអី Olympic Games 2024 នៅទីក្រុងប៉ារីស គេនឹងមិនចូលរួមនៅក្នុងក្រុមនោះទេ បើទោះបីជាកីឡាករលើសអាយុ(២៣ឆ្នាំ) ត្រូវបានអនុញ្ញាតឱ្យចូលរួម៣នាក់។
មានលេចឮដំណឹងចចាមអារ៉ាមថា Di Maria អាចនឹងជ្រើសរើសចូលក្រុមអាហ្សង់ទីន សម្រាប់ព្រឹត្តិការណ៍ប្រកួតនៅប្រទេសបារាំង ប៉ុន្ដែអតីតខ្សែបម្រើរបស់ Real Madrid បានបញ្ជាក់ប្រាប់ TyC Sports នៅអាហ្សង់ទីនថា គេនឹងមិនមានចំណែកនៅក្នុងក្រុមនេះឡើយ។
ចំពោះការសម្រេចចិត្តមិនចូលរួមព្រឹត្តិការណ៍អូឡាំពិក Di Maria បាននិយាយថា៖ “មានពេលដែលអ្នកត្រូវតែដកខ្លួន ដើម្បីបើកផ្លូវឱ្យអ្នកជំនាន់ក្រោយចូលបន្ដ”។
លើសពីនេះទៅទៀត ខ្សែបម្រើវ័យ៣៥ឆ្នាំ បានអះអាងថា គេនឹងចូលនិវត្តន៍ពីជម្រើសជាតិបន្ទាប់ពីព្រឹត្តិការណ៍ Copa America នៅក្នុងឆ្នាំ២០២៤នេះផងដែរ៕