ក្លឹប AC Milan ត្រូវបានរាយការណ៍ថា ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយក ខ្សែបម្រើវ័យក្មេង Arda Guler ពីក្លឹប Real Madrid នេះបើយោងតាមប្រភពពីសារព័ត៌មានតួកគី Sporx។
Guler អាចនឹងដើរតាមគន្លងរបស់រៀមច្បង Brahim Diaz ដែលទទួលបានជោគជ័យ ក្នុងការចំណាយពេលមួយរយៈនៅអ៊ីតាលី ហើយគេបានត្រលប់មកវិញ ក្លាយជាតួអង្គសំខាន់សម្រាប់ក្រុមដឹកនាំដោយអ្នកចាត់ការ Carlo Ancelotti។
ខ្សែបម្រើតួកគី Guler ពុំសូវទទួលបានឱកាសលេងនោះទេ នៅក្នុងក្រុម Real Madrid ហើយក្លឹបអាចនឹងពិចារណា ដាក់រូបគេឱ្យក្លឹបដទៃខ្ចីជើង នាទីផ្សាររដូវក្ដៅខាងមុខ ដើម្បីអាចឱ្យគេទទួលបានពេលវេលាច្រើន ក្នុងការបញ្ចេញសមត្ថភាព។
Milan ត្រូវបានចាត់ទុកថា ជាបេក្ខភាពជួរមុខ ក្នុងការនាំយក តារាឆ្នើមវ័យក្មេងរូបនេះទៅចូលរួម ហើយក៏មានក្លឹបដទៃផ្សេងទៀតផងដែរដែលចាប់អារម្មណ៍រូបគេដូចជា Las Palmas, Mallorca និង Real Sociedad៕