ជាម្តាយបង្កើតផង ក៏ជាភ្នាក់ងាររត់ការផ្ទាល់ខ្លួនសម្រាប់ខ្សែប្រយុទ្ធឆ្នើមបារាំង Kylian Mbappe គឺអ្នកស្រី Fayza Lamari បានធ្វើដំណើរមកកាន់ប្រទេសអេស្ប៉ាញ ក្នុងគោលដៅស្វែងរកផ្ទះថ្មី លើទីតាំងសមរម្យនិងសុវត្ថិភាព ត្រៀមសម្រាប់ការផ្ទេររបស់កូនប្រុសមកកាន់ Real Madrid ពេលខាងមុខ។
នេះតាមសារព័ត៌មាន Relevo ចុះផ្សាយ វាជាបញ្ហាធំមួយសម្រាប់អ្នកស្រីដែលជាម្តាយ ព្រោះត្រង់ថា ការចង់បានភូមិគ្រឹះដ៏ធំសក្តិសមនឹងការរស់នៅរបស់កីឡាករបាល់ទាត់កំពូលពិតជាពិបាករក មួយផ្សេងទៀតបារម្ភរឿងសុវត្ថិភាព ដែលទាមទារការពិនិត្យល្អិតល្អន់ខ្លាំងណាស់ ព្រោះកន្លងមកធ្លាប់កើតមានករណី គាស់ ករណីប្លន់ច្រើនលើកហើយ។
មិនទាន់មានការបញ្ជាក់ច្បាស់ថាទីតាំងណាមួយទេ តែគោលដៅប្រាកដជាសម្លឹងរកផ្ទះនៅក្បែរកីឡដ្ឋាន Santiago Bernabeu នោះឯង។ ចំពោះកីឡាករវ័យ ២៥ ឆ្នាំ គេក៏នឹងមករស់នៅទីនោះ ជាមួយក្រុមគ្រួសារបើតាមដឹង ដ្បិតសព្វថ្ងៃមិនទាន់មានទំនាក់ទំនងស្នេហាច្បាស់ការជាមួយនរណានៅឡើយ។
គួរឲ្យដឹងថា អតីតយុវជន AS Monaco បានស្ពាយតួលេខ Top Scorer ប្រចាំប្រវត្តិសាស្រ្តក្លឹប PSG មកជាមួយ ក៏ដូចជានាមម្ចាស់ជើងឯក World Cup សម័យកាល ២០១៨ តែចន្លោះពានរង្វាន់ធំប្រចាំទ្វីបគឺ UEFA Champions League ដែលមិនទាន់ស្គាល់ជាតិក្នុងការឈ្នះសូម្បីម្តង៕