អ្នកប្រដាល់ល្បីឈ្មោះ សែន រ៉ាដេត ក្រោយបើកក្លឹបប្រដាល់បានខ្ទង់២ខែមកនេះរូបគេថាដំណើរការល្អមានសិស្សបានប្រកួតខ្លះៗហើយ ខណៈបញ្ហាប្រឈមធំនោះគឺចំណាយច្រើនក្នុងមួយខែៗលើបាយទឹកសិស្ស។

សែន រ៉ាដេត បានឲ្យដឹងថា គិតមកដល់ពេលនេះក្លឹបប្រដាល់គុនខ្មែរដែនសមុទ្របើកបានជាង២ខែមកហើយ។ យ៉ាងណា២ខែមកនេះមានសិស្សចេញចូលជាបន្តបន្ទាប់អ្នកខ្លះទ្រាំហាត់បានចេះតែបន្ត ចំណែកខ្លះទៀតទម្រាំមិនបានក៏សម្រេចសុំឈប់ទៅវិញ។

កីឡាករល្បីឈ្មោះក្នុងវិស័យគុនខ្មែរខាងលើនេះបន្ថែមទៀតថា បើនិយាយពីការលំបាក ឬបញ្ហាប្រឈមនោះគឺមានដូចជាការចំណាយច្រើនលើម្ហូបអាហារសិស្សៗ និងថ្លែងទឹកភ្លើងជាដើម។ ក្នុងមួយខែចំណាយចន្លោះខ្ទង់ ៨០០ដុល្លារលើការហូបចុករបស់សិស្ស ១៥នាក់ និងចំណាយផ្សេងៗមួយចំនួនទៀត។ បច្ចុប្បន្ននេះក៏មានបងប្អូនស្រឡាញ់ចូលចិត្ត និងសប្បុរសជនមួយចំនួនផងដែរដែលបានជួយឧបត្ថម្ភជាថវិកា ជាអង្ករ និងសម្ភារមួយចំនួនដល់ក្លឹប ដូច្នេះមានការធូរស្រាលខ្លះដែរចំពោះពួកលោកទាំង៣នាក់បងប្អូនដែលជាម្ចាស់ក្លឹប។

ជំនួសមុខបងប្រុស សែន រ៉ាឌី ឆ្លាម ស កីឡាករ សែន រ៉ាដេត សូមថ្លែងអំណរគុណដល់ហាងគ្រឿងសមុទ្រដែនសមុទ្រ សណ្ឋាគារ Chan Boutique Ren Resort និងសប្បុរសជននានាដែលបានជួយឧបត្ថម្ភគាំទ្រក្លឹបប្រដាល់របស់ខ្លួននាពេលកន្លងទៅនេះ។
បញ្ជាក់ដែរថា ក្លឹបប្រដាល់គុនខ្មែរដែនសមុទ្រគឺបង្កើតឡើងដោយបងប្អូន៣រូបរួមមាន សែន រ៉ាឌី សែន រ៉ាដេត និងលោក ឆ្លាម ស។ ក្លឹបប្រដាល់នេះគឺមានទីតាំងនៅ ភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល៕