Paris Saint-Germain បានត្រៀមទឹកប្រាក់ប្រមាណ៧៥លានផោន សម្រាប់ការផ្ទេរ Marcus Rashford ពី Manchester United ដើម្បីមកជំនួស Kylian Mbappe។
យោងតាមប្រភពពីសារព័ត៌មាន The Mirror បានរាយការណ៍មកថា PSG ចង់ទិញយក Rashford ដើម្បីត្រៀមអ្នកជំនួសពេលដែល Mbappe ចាកចេញ ទៅចូលរួមក្លឹបក្នុងក្ដីស្រមៃរបស់គេ Real Madrid។
ក្លឹបយក្សបារាំង ធ្លាប់ព្យាយាមក្នុងការផ្ទេរ ខ្សែប្រយុទ្ធអង់គ្លេសរូបនេះ ម្ដងផងដែរ កាលពីឆ្នាំ២០២២ ប៉ុន្ដែការផ្ទេរមិនអាចសម្រេចទៅបាន បើទោះបីជាបានសន្យាផ្ដល់ប្រាក់ឈ្នួលពលកម្ម ក្នុងមួយសប្ដាហ៍ ៤០០,០០០ផោនក៏ដោយ។
PSG នឹងព្យាយាមជាថ្មី ក្នុងការនាំយក Rashford ទៅកាន់ទឹកដី Parc des Princes ប៉ុន្ដែ Man United បានកំណត់តម្លៃរបស់គេរហូតដល់១០០លានផោន។ ប៉ុន្ដែក្លឹបបិសាចក្រហម អាចនឹងទទួលយកការចរចា ដើម្បីបន្ថយការប្រឈមនឹងបញ្ហាច្បាប់ហិរញ្ញវត្ថុ។ យ៉ាងណាក្ដី គ្រប់យ៉ាងក៏អាស្រ័យទៅលើការសម្រេចចិត្តរបស់ Rashford ដែរ៕