យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា តារាឆ្នើមរបស់ក្លិប Bayern Munich កីឡាករ Joshua Kimmich បានបើកចំហរឱកាស ក្នុងការពិភាក្សាជាមួយក្លិបដែលកំពុងបង្ហាញការចាប់អារម្មណ៍មកលើខ្លួន ដូចជា Arsenal និង Liverpool ។
ជាក់ស្តែងក្លិបម្ចាស់ជើងឯកអាល្លឺម៉ង់ Bayern ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការលក់ Kimmich ចេញ ប្រសិនបើមានសំណើផ្តល់ជូនត្រឹមត្រូវណាមួយ នៅពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញ នៅរដូវក្តៅខាងមុខ។
ហើយឥឡូវនេះ Kimmich ដែលត្រូវបានចាត់ទុកថាជាខ្សែបម្រើដ៏ល្អបំផុតមួយនៅលើពិភពលោកនោះ បានបើកចំហរឱកាសក្នុងការពិភាក្សាជាមួយក្លិបធំៗចំនួន ៥ ដោយក្នុងនោះរួមមានទាំង Arsenal និង Liverpool ផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុម Manchester United និង Chelsea ដែលស្ថិតនៅក្នុងចំណោមក្លិបនៅ Premier League ផ្សេងទៀតនោះ មិនមែនជាជម្រើសសម្រាប់កីឡាករវ័យ ២៩ ឆ្នាំ រូបនេះឡើយ ដោយ Kimmichក៏គ្រោងនឹងធ្វើការបដិសេធទៅលើសំណើរបស់ក្លិប Paris-Saint Germain ផងដែរ៕