បន្ទាប់ពីការប្តឹងតវ៉ាដោយជោគជ័យទៅកាន់តុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) ខ្សែបម្រើ Juventus វ័យ ៣១ឆ្នាំ អាចបន្តការហ្វឹកហាត់ឡើងវិញ នៅខែមករា ឆ្នាំ២០២៥ និងមានសិទ្ធិចូលទីលានប្រកួតផ្លូវការចាប់ពីខែមីនាតទៅ។ នេះបើតាមការផ្សាយរបស់កាសែត BBC។
តុលាការជាតិប្រឆាំងសារធាតុញៀន (Nado) របស់ប្រទេសអ៊ីតាលី បានព្យួរ Pogba ពីគ្រប់ការប្រកួតកាលពីខែកុម្ភៈ រយៈពេល៤ឆ្នាំ បន្ទាប់ពីធ្វើតេស្តថ្នាំរកឃើញថាកម្រិតអ័រម៉ូន Testosterone កើនឡើង ដែលជាអរម៉ូនត្រូវបានហាមឃាត់ក្នុងកីឡា។
នៅថ្ងៃទី៤ ខែកញ្ញា លោក Matthieu Reeb ប្រធាន CAS បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា បម្រាមលើអតីតខ្សែបម្រើជម្រើសជាតិបារាំង ត្រូវបានកាត់បន្ថយទោសមកត្រឹម ១៨ខែ គិតចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៣។
ក្រោយឈ្នះការប្តឹងផ្តល់ និងទទួលបានការកាត់បន្ថយទោស អតីតកីឡាករ Manchester United ចាត់ទុកថាសុបិនអាក្រក់របស់ខ្លួនបានបញ្ចប់ហើយ ខណៈរូបគេអាចត្រឡប់ចូលទីលានវិញក្នុងពេលឆាប់ៗ។
«ទីបំផុតសុបិនអាក្រក់បានចប់ហើយ។ ការទន្ទឹងរង់ចាំថ្ងៃដែលខ្ញុំអាចធ្វើតាមសុបិនរបស់ខ្ញុំម្តងទៀតនឹងមកដល់ឆាប់ៗ»។ នេះជាការរៀបរាប់របស់ Pogba មុនបញ្ជាក់បន្ថែមថា ខ្លួនមិនដែលបំពានបទប្បញ្ញត្តិរបស់ភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោកដោយចេតនានោះទេ ស្របពេលខ្លួនបានលេបថ្នាំបំប៉នដែលវេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់គេផ្តល់ឱ្យ ដែលមិនប៉ះពាល់ ឬបង្កើនសមត្ថភាពសម្រាប់អត្តពលិកនោះឡើយ។
កីឡាករដែលធ្លាប់មានតម្លៃផ្ទេថ្លៃជាងគេលើលោកកាលពីឆ្នាំ ២០២៦ អំឡុងចេញពី Juventus ទៅ Man Utd អះអាងថាខ្លួនលេងដោយគុណភាព បច្ចេកទេសផ្ទាល់ និងភាពស្មោះត្រង់ មិនប្រើថ្នាំជំនួយណាយមួយឡើយ ប៉ុន្តែរូបគេបានរងការលំបាក ដ្បិតអ្វីគ្រប់យ៉ាងដែលប្រឹងប្រែងតាមរយៈកម្លាំងកាយ និងទេពកោសល្យសុទ្ធសាត បែជារងការហាត់ឃាត់។
Pogba ដែលជួយបារាំងលើកពាន World Cup ឆ្នាំ ២០១៨ នៅរុស្ស៊ី ទទួលរងក្តីក្តាំប្រើសារធាតុហាមឃាត់ ក្រោយពេលចាកចេញពី Old Trafford ត្រឡប់ទៅ Juventus ក្នុងកិច្ចសន្យា ៤ឆ្នាំ កាលពីខែកក្កដា ឆ្នាំ ២០២២ ដោយគ្មានតម្លៃផ្ទេ៕