បើតាមការចុះផ្សាយរបស់កាសែត Daily Mail កាលពីថ្ងៃទី៥ ខែតុលា អតីតខ្សែបម្រើ មាន់គកបារាំង បានចូលខ្លួនជជែកជាមួយនឹងក្លិប Juventus ជុំវិញកិច្ចព្រមព្រៀងបញ្ចប់កុងត្រារវាងគ្នា ក្នុងទីក្រុងទូរីន ប្រទេសអ៊ីតាលី។ អតីតខ្សែបម្រើក្រុម Manchester United កាលពីឆ្នាំ ២០២៣ កន្លងទៅ រងបម្រាមពីសំណាក់តុលាអាជ្ញាកណ្តាលកីឡា (CAS) មិនឱ្យពាក់ព័ន្ធទៅនឹងសកម្មភាពបាល់ទាត់រយៈពេល ៤ឆ្នាំ ក្រោយរកឃើញថាបានប្រើប្រាស់សារធាតុញៀនអំឡុងពេលប្រកួត។
ទាក់ទងនឹងបញ្ហានេះ នៅថ្មីៗនេះ CAS បានសម្រេចចិត្តបន្ធូរបន្ថយបម្រាមលើ Pogba ឱ្យមកនៅសល់ត្រឹមតែរយៈពេល ១ឆ្នាំកន្លះ វិញ ខណៈគិតមកដល់បច្ចុប្បន្ន អតីតខ្សែបម្រើជម្រើសជាតិបារាំង នឹងអាចវិលចូលទីលានវិញ នៅក្នុងខែមីនា ឆ្នាំ ២០២៥។
ការបង្ហាញវត្តមាននៅក្លិប Juventus ជាលើកទី២ របស់ Pogba ត្រូវបានបញ្ចប់ ខណៈពេលខ្សែបម្រើធ្លាប់ឈ្នះពាន World Cup 2018 ក៏បានបើកឱកាសក្នុងការចរចាលេងឱ្យក្រុមដទៃ ក្រោមហេតុផលដើម្បីកសាងអាជីពបាល់ទាត់ឡើងវិញ បន្ទាប់ពីបម្រាម និងក្រោយពេលបញ្ចប់កុងត្រាជាមួយក្លិបអ៊ីតាលី។ កុងត្រារបស់ Pogba ជាមួយក្លិប Juventus មានរយៈពេលរហូតដល់ឆ្នាំ ២០២៦។
មិនបានប៉ះបាល់សូម្បីតែម្តងចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២៣ កីឡាករវ័យ ៣១ឆ្នាំ ប្រាប់ទៅកាន់អ្នកកាសែតកីឡាដ៏ល្បីលោក Fabrizio Romano ថាខ្លួនជឿជាក់ក្នុងការចាប់ផ្តើមអាជីពឡើងវិញ ក្រោយពីចាកចេញពីក្លិប Juventus។ «ខ្ញុំជឿជាក់ថានឹងមានការចាប់ផ្តើមដ៏ល្អឡើងវិញ នៅពេលចេញឆ្ងាយពីក្លិប Juventus ហើយក៏ជាការសម្រេចចិត្តដ៏ល្អសម្រាប់អាជីព។»។ នេះជាអ្វីដែល Pogba បានលើកឡើង។
ទាក់ទងនឹងករណីបន្ធូរបន្ថយពិន័យលើខ្សែបម្រើអន្តរជាតិបារាំង ស្ថាប័ន CAS នឹងប្រកាសជាផ្លូវការ នៅថ្ងៃទី៧ ខែតុលា ហើយនឹងការអះអាងថា Pogba មានឱកាសក្នុងការស្វែងរកក្លិបថ្មីដើម្បីបន្តអាជីពឡើងវិញ។
ការស្វែងរកក្លិបថ្មីដើម្បីប្រកបអាជីពឡើងវិញនេះ Pogba ហាក់បីបង្ហាញភ្លើងខៀវសម្រាប់ក្លិបស្ថិតក្នុងលីគបាល់ទាត់ប្រទេសអាម៉េរិក Major League Soccer។ ពាក្យចចាមអារ៉ាមកំពុងផ្ទុះឡើងថ្មីៗនេះ ដោយ Pogba មានបំណងចង់ចូលរួមលេងឱ្យក្លិប Inter Miami ដែលកំពុងមានវត្តមាន Lionel Messi នៅទីនោះ ខណៈក្លិបស្ថិតក្នុងរដ្ឋ Florida ក៏ត្រូវបានរាយការណ៍ថាបានបង្ហាញការចាប់អារម្មណ៍លើខ្សែបម្រើសញ្ជាតិបារាំងដូចគ្នា។
ចំណែកកាសែត Gazzetta dello Sport ចុះផ្សាយថា Pogba អាចនឹងដើរតាមក្តីស្រមៃចូលរួមលេងជាមួយក្លិបក្នុងប្រទេសអាម៉េរិក ដែលជាទីតាំងដ៏ល្អសម្រាប់ការចាប់ផ្តើមអាជីពឡើងវិញ ជាមួយនឹងកីឡាករម្ចាស់ពាន Ballon d’Or ៨សម័យ Messi។ នៅលីគបាល់ទាត់អាម៉េរិក មានវត្តមានអតីតកីឡាករដែលរួមចំណែកជួយជម្រើសជាតិបារាំងឈ្នះ World Cup 2018 រួមមានខ្សែប្រយុទ្ធ Olivier Giroud និងអ្នកចាំទី Hugo Lloris ដែលអ្នកទាំងពីរសុទ្ធសឹងចូលនិវត្តន៍ពីជម្រើសជាតិ៕