Tuesday, May 20, 2025
[the_ad_group id="102"]

កីឡាករ Bove របស់ក្លិប Fiorentina បានធូរស្រាលពីបញ្ហាគាំងបេះដូង ដែលកើតឡើងក្នុងពេលប្រកួត

Edoardo Bove ខ្សែបម្រើរបស់ក្រុម Fiorentina ដែលបានដួលសន្លប់នៅលើទីលានប្រកួតកាលពីសប្តាហ៍មុនដោយបញ្ហាគាំងបេះដូង តម្រូវឱ្យដកឧបករណ៍ជំនួសចង្វាក់បេះដូងចេញវិញហើយ។​ លីគកំពូលអ៊ីតាលី ​Serie A មិនអនុញ្ញាតកីឡាករដែលប្រើឧបករណ៍ជំនួយបេះដូងប្រកបអាជីពក្នុងលីគឡើយ។

កាលពីថ្ងៃទី១ ខែធ្នូ Bove បានដួលសន្លប់នៅលើទីលានប្រកួត នៅពេលក្រុម Fiorentina ត្រូវស្វាគមន៍ក្រុមភ្ញៀវ Inter Milan ក្នុងជំនួបលីគកំពូលអ៊ីតាលី ខណៈការប្រកួតដំណើរការបាន ១៧នាទី។ កីឡាករអ៊ីតាលីរូបនេះ បានដួលសន្លប់ភ្លាមៗលើទីលាន បន្ទាប់ពីរូបគេបានអោនចងខ្សែស្បែកជើង អំឡុងពេលអាជ្ញាកណ្តាលការប្រកួតកំពុងតែត្រួតពិនិត្យប្រព័ន្ធ VAR។

បើតាមប្រព័ន្ធផ្សព្វផ្សាយប្រទេសអ៊ីតាលី Bove ដែលមានវ័យទើបតែ ២២ឆ្នាំ នឹងត្រូវទទួលបានការវះកាត់ដើម្បីយកឧបករណ៍ជំនួយចង្វាន់បេះដូងចេញ ដើម្បីឱ្យស្របទៅតាមពិធីការវិជ្ជសាស្ត្ររបស់លីគ មុនពេលរូបគេអាចចាកចេញពីមន្ទីរពេទ្យ ដើម្បីវិលទៅជួយក្រុមវិញបាន។

ឧបករណ៍ជំនួយបេះដូងមានឈ្មោះថា Implantable Cardioverter Defibrillator (ICD) ជាប្រភេទឧបករណ៍មួយបែបជួយបង្កើនល្បឿនចង្វាក់បេះដូង ដែលអាចជួយបញ្ជៀសបញ្ហាគាំងបេះដូងស្លាប់ ដោយវានឹងជួយធ្វើឱ្យបេះដូងលោតញាប់ ដើម្បីស្តារចង្វាក់បេះដូងឱ្យវិលមកលោតតាមធម្មតាវិញ។ តែយ៉ាងណាឧបករណ៍បែបនេះត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ក្នុងការប្រកួតរបស់ក្របខណ្ឌ​ Serie A​ របស់ប្រទេសអ៊ីតាលី។

ទាក់ទងទៅនឹងលទ្ធផលសុខភាពរបស់កីឡាករ Bove នារយៈពេលចុងក្រោយមកនេះ រូបគេបានវិលត្រឡប់មកកាន់សភាពធម្មតាឡើងវិញ ខណៈមន្ទីពេទ្យក៏បានរង់ចាំឱ្យកីឡាករវ័យ ២២ឆ្នាំ សម្រេចចិត្ត ចំពោះការដកចេញឧបករណ៍ជំនួយបេះដូង ដើម្បីអាចវិលត្រឡប់ចូលទីលានប្រកួតវិញជាមួយនឹងក្រុម Fiorentina។

សម្រាប់លីគអ៊ីតាលី រឿងស្រដៀងគ្នានេះធ្លាប់បានកើតឡើងជាច្រើនលើកមកហើយ ប៉ុន្តែលើករណីឱ្យដកចេញឧបករណ៍ជំនួយបេះដូង ធ្លាប់បានកើតឡើងទៅលើខ្សែបម្រើ Christian Eriksen ដែលរូបគេមិនអាចបន្តលេងឱ្យក្រុម ​Inter Milan បន្ទាប់ពីរូបគេបានប្រើប្រាស់ឧបករណ៍ជំនួយចង្វាក់បេះដូង (ICD) ក្រោយពីរូបគេជួបហេតុការណ៍គាំងបេះដូងអំឡុងការប្រកួតពានរង្វាន់ Euro 2020៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]