ព្រឹត្តិការណ៍ប្រកួតដណ្ដើមឡានរបស់សង្វៀន BTV ដែលជាការឧបត្ថម្ភពី BOOSTRONG ឈានមកដល់ហើយនៅយប់ស្អែកនេះនៅខណ្ឌកំបួល ខណៈកីឡាករ លន បញ្ញា យ៉េន ឌីណា មឿន សុខហ៊ុច និង ផល សោភ័ណ្ឌ ក៏ថ្លឹងទម្ងន់ និងត្រៀមរួចរាល់។
លោក គង់ វិសាល តំណាងទូរទស្សន៍បាយ័ន និង BTV បានឲ្យដឹងថា ការប្រកួតដណ្ដើមឡាននេះគឺជាព្រឹត្តិការណ៍ដ៏ធំមួយដែលបន្ថែមពីការប្រកួតទាំង៥នាពេលបច្ចុប្បន្នរបស់សង្វៀនបាយ័ននៅពេលនេះ។ នេះជាលើកទី២ហើយដែល BTV បានរៀបចំឡើងក្រោមការជ្រោមជ្រែងឧបត្ថម្ភពី BOOSTRONG។
ជាមួយគ្នានេះដែរតំណាងអ្នករៀបចំខាងលើពិតជាមានមោទកភាពជាខ្លាំងចំពោះការឧបត្ថម្ភគាំទ្រពី BOOSTRONG ក្នុងការលើកស្ទួយជីវភាពកីឡាករ កីឡាការិនី និងលើកស្ទួយវិស័យប្រដាល់គុនខ្មែរឲ្យល្បីល្បាញទាំងក្នុងប្រទេសកម្ពុជា និងលើឆាកអន្តរជាតិ។

លោក គង់ វិសាល បន្ថែមទៀតថាក្នុងនាមអ្នករៀបចំកម្មវិធីគឺបានខំប្រឹងប្រែងចាប់គូ និងរកនូវកីឡាករល្អៗមានសមត្ថភាពពិតប្រាកដដើម្បីយកមកប្រកួតជាមួយជើងខ្លាំងកម្ពុជាឲ្យបានជក់ចិត្ត និងប្រកួតដោយអស់ពីសមត្ថភាពជូនដល់មហាជនទស្សនា និងម្ចាស់ឧបត្ថម្ភផងដែរ។ លោកសំណូមពរដល់អ្នកស្រឡាញ់ចូលចិត្តគុនខ្មែរសូមកុំភ្លេចមកទស្សនាផ្ទាល់ ឬគាំទ្រដល់កម្មវិធីនេះដើម្បីលើកទឹកចិត្ត និងជំរុញវិស័យកីឡាមួយនេះឲ្យរឹតតែមានភាពល្បីល្បាញ។

បញ្ជាក់ដែរថា ព្រឹត្តិការណ៍ “ប៊ូសស្ត្រងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្ត្រងឱ្យឡាន” នេះនឹងធ្វើឡើងចាប់ពីម៉ោង ៧យប់ស្អែកនេះតទៅដែលទីតាំងនោះនៅជាប់របងវត្តស្ងួនពេជ្រ ខណ្ណកំបូល។ ការប្រកួតនេះនឹងមានផ្សាយតាម BTV ផងដែរ។ ចំពោះបេក្ខភាពដណ្ដើមឡានរួមមាន លន បញ្ញា ផល សោភ័ណ្ឌ យ៉េន ឌីណា និង មឿន សុខហ៊ុច។ វគ្គទី១ ត្រូវប្រកួតឈ្នះសិន រួចទើបរង់ចាំស្ដាប់លទ្ធផលបោះឆ្នោតពីអ្នកគាំទ្របន្ថែមទៀត។ កីឡាករ ២រូបណាជាប់ការបោះឆ្នោតគឺត្រូវប្រកួត ចាញ់-ឈ្នះ វគ្គទី២ ដណ្ដើមឡានតែម្ដង។ រង់ចាំមើលនរណានឹងក្លាយជាម្ចាស់ឡានរបស់ BOOSTRONG ស្អែកនេះ៕