ដូចប្រិយមិត្តបានឃើញដោយសារបញ្ហាស្មាដែល Nick Pope របួស ក៏នាំឲ្យ Newcastle United ត្រូវអវត្តមានដៃទីមួយរាប់ខែទៅមុខ ពោលអាចថាដល់ល្បាក់កៀកបញ្ចប់រដូវកាល ទើបកីឡាករអង់គ្លេសអាចវិលត្រលប់មកវិញបាន។
បើតាមការយល់ឃើញរបស់ Alan Shearer លោកបានជឿជាក់ថា ស្ថានភាពបន្ទាន់នេះ សារិកាព្រៃគួរតែលៃលកមើលឱកាសកីឡាករទំនេរដៃ David de Gea ដែលបន្ទាប់ចាកចេញពី Man United គេមិនទាន់មានក្លឹបណាមកចែចូវយកបានសម្រេចនៅឡើយ។ ត្រង់កីឡាករអេស្ប៉ាញក៏មានកូនចិត្តទទួលយកតែសំណើក្លឹបធំ ដូចជា Newcastle ជាដើម ពិតនឹងអាចទៅរួច។
ប្រាប់ទៅ BBC Radio 5 Live លោក Shearer លើកឡើង៖ “ខ្ញុំយល់ស្របថាតំណែងចាំទី តំណែងប្រយុទ្ធកណ្តាល ជាគោលដៅអាទិភាពពីរសម្រាប់ខ្ញុំដែល Newcastle គួរតែសម្លឹង តែវាជារឿងសំណាងបើអាចយកបានខ្សែប្រយុទ្ធល្អម្នាក់ ជាមួយការចាយលុយច្រើនលើសលប់ក្នុងសម័យកាលនេះ”។
លោកបន្ត៖ “តំណែងចាំទី De Gea គេនៅខាងក្រៅ ខ្ញុំដឹងប្រាក់ឈ្នួលគេច្រើន តែយ៉ាងណាក្លឹបមិនអស់លុយទៅចាយលើតម្លៃផ្ទេររបស់គេទេ”។ គួរឲ្យដឹងដែរថា មួយរយៈក្រោយបន្ទាប់ធ្លាក់ទម្រង់ជាប់ប្រកួតក៏ក្លឹបដឹកនាំដោយអ្នកចាត់ការលោក Eddie Howe បានធ្លាក់មកឈរនៅចំណាត់ថ្នាក់ទី ៩ ក្នុងតារាង Premier Leauge៕