បើតាមរបាយការណ៍កាសែតអេស្ប៉ាញចុះផ្សាយ តារាឆ្នើមអាហ្សង់ទីន Lionel Messi កំពុងស្ថិតក្នុងភាគរយខ្ពស់នឹងផ្ទេរទៅក្លឹបចាស់ Barcelona នៅទីផ្សារដោះដូរខែមករាខាងមុខ នេះបន្ទាប់តែអស់ឱកាសឈោងបានកៅអីប្រជែងវគ្គ Play-off សម្រាប់ពានរង្វាន់ Major League Soccer ឆ្នាំ ២០២៣។
ក្លឹបដឹកនាំដោយប្រធានលោក David Beckham បានបរាជ័យចុងក្រោយទល់ FC Cincinnati ១-០ ដែលនេះសម្រេចឲ្យពួកគេខកខានឱកាស ដ្បិតសេសសល់ ២ ប្រកួតទៀតក្នុងដៃ។ វាសម្រេចឲ្យក្លឹបត្រូវទំនេរជើងតាំងពីចុងខែតុលា រហូតដល់ខែកុម្ភៈឯណោះ ទើបចាប់ផ្តើមរដូវកាលថ្មី ២០២៤។
ចន្លោះពេលវេលាសម្រាកដ៏យូរនេះ តាមគន្លងចាស់នៅ MLS មានកីឡាករមួយចំនួនធ្លាប់បានផ្ទេរចេញក្នុងលក្ខខណ្ឌខ្ចីជើងទៅក្លឹបនៅតំបន់អឺរ៉ុប ដែលពួកគេចង់ទៅចូលរួម តួយ៉ាងដូច Thierry Henry លេងឲ្យ New York RB ទៅខ្ចីជើងឲ្យ Arsenal និង David Beckham លេងឲ្យ LA Galaxy ទៅខ្ចីជើងឲ្យ AC Milan ជាដើម។
ជាលទ្ធផល Messi ទំនងនឹងដើរតាមគន្លងនោះដែរ តែមិនប្រាកដនឹងខ្ចីជើងយូរប៉ុណ្ណាទេ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ កាន់តែស៊ីចង្វាក់គ្នា ត្រង់ប្រព័ន្ធផ្សព្វផ្សាយក្លឹប Barcelona ក៏បានបង្ហោះតម្រុយ ដែលរៀបរាប់អំពីភាពភ្លឺចិញ្ចាចនៃមេឃនៅទីក្រុងរបស់ពួកគេ ដែលថាវាភ្លឺស្រស់ស្អាតជាងថ្ងៃធម្មតា ជាមួយរូបភាពបង្កប់មុខ Lionel Messi ក្នុងពេលវេលាដែលចចាមអារ៉ាមខាងលើផ្ទុះឡើង៕