អ្នកចាត់ការ Erik ten Hag បានពន្យល់នូវការសម្រេចចិត្តដែលនាំឱ្យខ្សែការពារ Raphael Varane មិនជាប់ជម្រើស១១នាក់ដំបូង ដោយសារតែហេតុផលបច្ចេកទេស។
កាលពីរដូវកាលមុន ខ្សែការពារបារាំងរូបនេះ បានលេងក្នុងជម្រើស១១នាក់ដំបូងនៅតំបន់ការពារកណ្ដាលជាមួយនឹងកីឡាករអាហ្សង់ទីន Lisandro Martinez។
ទោះយ៉ាងណាក្ដី បច្ចុប្បន្នកីឡាករវ័យ៣០ឆ្នាំ ហាក់ពិបាកទទួលបានឱកាសក្នុងការលេងក្នុងជម្រើស១១នាក់ ហើយមានឈ្មោះក្នុងកៅអីបម្រុង៥ប្រកួតចុងក្រោយ ហើយពេលនេះលោក Ten Hag បានពន្យល់មូលហេតុ។
អ្នកចាត់ការជនជាតិហូឡង់និយាយថា៖ “ដូចដែលខ្ញុំបាននិយាយហើយ អំពីហេតុផលតាក់តិច ថាហេតុអ្វីបានជាខ្ញុំជ្រើសរើសដៃគូ(ការពារ)ទាំងនេះ។ ខ្ញុំគិតថា Harry (Maguire) និង Jonny (Evans) ធ្វើបានល្អ”។
“កាលពីឆ្នាំមុន Harry លេងពុំសូវបានល្អទេ ដូច្នេះកាលនោះខ្ញុំពិតជារីករាយជាមួយ ការលេងរបស់ Rapha។ ខ្ញុំក៏នៅតែរីករាយចំពោះការលេងរបស់គេដដែល”។
“ប៉ុន្ដែនាខណៈនេះ Harry គឺលេងបានយ៉ាងល្អហើយនេះគឺជាការប្រកួតប្រជែងផ្ទៃក្នុង”៕